ព័ត៌មានអំពីសេវា:

រដ្ឋាករទឹកសៀមរាប ត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៩៣០ ដោយអាណានិគមបារាំង ដែលមាន
សមត្ថភាពផលិត ១០០ម៣/ថ្ងៃ ដោយយកប្រភពទឹកស្ទឹងសៀមរាប និងមានបំពង់ចែកចាយទឹកតែ២ខ្សែប៉ុណ្ណោះគឺ ផ្គត់ផ្គង់ទឹកទៅមហាសណ្ឋាគារអង្គរ និងតំបន់ផ្សារចាស់។ នៅឆ្នាំ១៩៦០ ក្រោមហិរញ្ញប្បទានឥតសំណងពីសហរដ្ឋអាមេរិច និងចិន សមត្ថភាពផលិតបានកើនឡើងដល់ ៥០០ម៣/ថ្ងៃ ហើយស្ថានភាពនេះ បន្តរហូតមកដល់ឆ្នាំ១០៧៥។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានទុកចោលមិនដំណើរការ និងបំផ្លាញឱ្យវិនាសហិនហោចស្ទើរ គ្នានសល់ ក្នុងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ក្រោយថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាករទឹកសៀមរាប បានចាប់ផ្តើមដំណើរការឡើងវិញ ជាមួយនឹងប្រព័ន្ធផលិតកម្ម និងចែកចាយទឹកដ៏ចាសទ្រុឌទ្រោម។ ដោយសារស្ថានភាពកាន់តែដុនដាប ពុំអាចដំណើរការទៅទៀតបាន ប្រព័ន្ធផ្គត់ផ្គង់នេះ ត្រូវបានបញ្ឍប់ទាំងស្រុងនៅឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ១៩៩៨។ ចាប់ពីឆ្នាំ១៩៩៥ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍបារាំង AFD បានជួយជួសជុលកែសម្រួលប្រព័ន្ធផលិតកម្មជាបន្តបន្ទាប់ ដោយប្តូរពីការយកប្រភពទឹកស្ទឹងសៀមរាប ទៅយកប្រភពទឹកក្រោមដី ហើយដាក់ឱ្យដំណើរការ ឡើងវិញ នៅឆ្នាំ១៩៩៨ ដែលមានសមត្ថភាពផលិត ១ ៤០០ម៣/ថ្ងៃ និងមានបណ្តាញចែកចាយ១២គីឡូម៉ែត្រ សុទ្ធសឹងជាបំពង់ស៊ីម៉ង់ប្រភេទAC ។
ដំណាក់កាលវិវឌ្ឍដ៏សំខាន់របស់រដ្ឋាករទឹកសៀមរាប គឺនៅឆ្នាំ២០០៦ ក្រោមគម្រោងហរិញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មានទឹកប្រាក់សរុប ១ ៥៣៧លានយ៉េន ស្មើនឹង១៥ ៣៧០ ០០០ដុល្លាអាមេរិច បានសាងសង់នូវប្រព័ន្ធប្រព្រឹត្តកម្មទឹកស្អាតថ្មីទាំងស្រុងមួយ ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ដែលមានសមត្ថភាពផលិត៨ ០០០ម៉ែត្រគូប/ថ្ងៃ ដោយយកប្រភពទឹកក្រោមដីពីអណ្តូងចំនួន០៨កន្លែង និងបណ្តាញចែកចាយទឹកប្រភេទ PVC ប្រវែង៣៦គីឡូម៉ែត្រ ធ្វើឱ្យរដ្ឋាករទឹកសៀមរាបមានលទ្ធភាពផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋបានចំនួន ០៥សង្កាត់(សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់សាលាកំរើក និងសង្កាត់ទឹកវិល។
ផ្តើមចេញពីនេះរដ្ឋាករទឹកស្វយ័តសៀមរាប(រ.ស.ស) ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យលេខ០៤ អនក្រ.បក ចុះថ្ងៃទី ១០ ខែមករា ឆ្នាំ២០០៧ ជាគ្រឹស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច ស្ថិតនៅក្រោម អាណាព្យាបាលបច្ចេកទេស នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែកដឹកនាំដោយក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន០៧រូប និងអមដោយ មន្រ្តីត្រួតពិនិត្យចំនួន០១រូប។