នាថ្ងៃព្រហស្បតិ៍ ៦រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:០០នាទីរសៀល នៅបរិវេនផ្ទះលោកមេភូមិចុងកៅស៊ូ ក្រុមការងាររបស់រដ្ឋាករទឹកស្វយ័តសៀមរាប តំណាងដោយលោក យ៉ៃ មុនីរ័ត្ន ជាអគ្គនាយករងទទួលបន្ទុកកិច្ចការអាជីវកម្ម អមដោយថ្នាក់ដឹកនាំនាយកដ្ឋានជំនាញចំនួន៥រូបផ្សេងទៀត បានចុះធ្វើការផ្សព្វផ្សាយអំពីគម្រោងលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ក្រោមក្របខណ្ឌគម្រោងហិរញ្ញប្បទានជាជំនួយឥតសំណងរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) ដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន ១២៩នាក់ ក្នុងនោះស្រី ៧០នាក់ ។
លោកមេភូមិ មានមតិស្វាគមន៍ ចំពោះប្រជាពលរដ្ឋដែលមកចូលរួមស្តាប់បទបង្ហាញ និងបានផ្តល់ឱវាទឱ្យយកចិត្តទុកដាក់ស្តាប់បទបង្ហាញ ក៏ដូចជាផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលពុំបានចូលរួម ឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទឹកស្អាត សំដៅលើកកម្ពស់សុខុមាលភាព ក្រុមគ្រួសាររបស់ពួកគេ។ ក្រោយពីបទបង្ហាញបានបញ្ចប់ ប្រជាពលរដ្ឋមានចំណាប់អារម្មណ៍លើការប្រើប្រាស់ទឹកស្អាត និងបានលើកជាសំណួរពាក់ព័ន្ធគុណភាពទឹក ការប្រើប្រាស់សារធាតុគីមីក្នុងទឹក និងការភ្ជាប់បណ្តាញចូលផ្ទះជាដើម ។
ជាចុងបញ្ចប់នៃកម្មវិធី លោក យ៉ៃ មុនីរ័ត្ន និងក្រុមការងារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកមេភូមិចុងកៅស៊ូ ដែលបានរៀបចំ និងផ្តល់ទីកន្លែង សម្រាប់ រដ្ឋាករទឹកស្វយ័តសៀមរាប ធ្វើបទបង្ហាញបានដោយរលូន។
រូបភាពដោយ លោក សំ សេងហាន