រដ្ឋាករទឹកសៀមរាប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣០ ដោយអាណានិគមបារាំង ដែលមានសមត្ថភាពផលិត ១០០ម៣/ថ្ងៃ ដោយយកប្រភពទឹកស្ទឹងសៀមរាប និងមានបំពង់ចែកចាយទឹកតែ២ខ្សែប៉ុណ្ណោះគឺ ផ្គត់ផ្គង់ទឹកទៅមហាសណ្ឋាគារអង្គរ និងតំបន់ផ្សារចាស់។ នៅឆ្នាំ១៩៦០ ក្រោមហិរញ្ញប្បទានឥតសំណងពីសហរដ្ឋអាមេរិច និងចិន សមត្តភាពផលិតបានកើនឡើងដល់ ៥០០ម៣/ថ្ងៃ ហើយស្ថានភាពនេះបន្តរហូតដល់ឆ្នាំ១៩៧៥។ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនេះ ត្រូវបានទុកចោលមិនដំណើរការ និងបំផ្លាញឱ្យវិនាសហិនហោចស្ទើរគ្មានសល់ ក្នុងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
ក្រោយជ័យជំនះថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ រដ្ឋាករទឹកសៀមរាប បានចាប់ផ្តើមដំណើរការឡើងវិញជាមួយនឹងប្រព័ន្ធផលិតកម្ម និងចែកចាយទឹកដ៏ចាស់ទ្រុឌទ្រោម។ ដោយសារស្ថានភាពកាន់តែដុនដាប ពុំអាចដំណើរការទៅទៀតបាន ប្រព័ន្ធផ្គត់ផ្គង់នេះ ត្រូវបានបញ្ឈប់ទាំងស្រុងនៅឆ្នាំ១៩៩៤ រហូតដល់ឆ្នាំ ១៩៩៨។ ចាប់ពីឆ្នាំ១៩៩៥ ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍបារាំង AFD បានជួយជួសជុលកែសម្រួលប្រព័ន្ធផលិតកម្មជាបន្តបន្ទាប់ ដោយប្តូរពីការយកប្រភពទឹកស្ទឹងសៀមរាប ទៅយកប្រភពទឹកក្រោមដី និងដាក់ឱ្យដំណើរការឡើងវិញនៅឆ្នាំ១៩៩៨ ដែលមានសមត្ថភាពផលិត១ ៤០០ម៣/ថ្ងៃ និងមានបណ្តាញចែកចាយ ១២គីឡូម៉ែត្រសុទ្ធសឹងជាបំពង់ស៊ីម៉ង់ប្រភេទ AC។
ដំណាក់កាលវិវឌ្ឍដ៏សំខាន់របស់រដ្ឋាករទឹកសៀមរាប គឺនៅឆ្នាំ២០០៦ ក្រោមគម្រោងហិរញ្ញប្បទានឥតសំណងពីរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មានទឹកប្រាក់សរុប ១ ៥៣៧លានយ៉េន ស្មើនឹង១៥ ៣៧០ ០០០ដុល្លាអាមេរិច បានសាងសងនូវប្រព័ន្ធប្រព្រឹត្តិកម្មទឹកស្អាតថ្មីទាំងស្រុងមួយ ស្ថិតនៅសង្កាត់ទឹកវិល ក្រុមសៀមរាប ដែលមានសមត្ថភាពផលិត ៨ ០០០ម៣/ថ្ងៃ ដោយយកប្រភពទឹកក្រោមដីពីអណ្តូងចំនួន ៨កន្លែង និងបណ្តាញចែកចាយទឹកប្រភេទ PVC ប្រវែង ៣៦គីឡូម៉ែត្រ ធ្វើឱ្យរដ្ឋាករទឹកសៀមរាបមានលទ្ធភាពផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋបានចំនួន ៥សង្កាត់ (សង្កាត់ស្លក្រាម សង្កាត់ស្វាយដង្គំ សង្កាត់គោកចក សង្កាត់សាលាកំរើក និងសង្កាត់ទឹកវិល)។
ផ្តើមចេញពីនេះរដ្ឋាករទឹកស្វយ័តសៀមរាប(រ.ស.ស) ត្រូវបានបង្កើតឡើង ដោយអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០០៧ ជាគ្រឺះស្ថានសាធារណៈមានលក្ខណៈសេដ្ឋកិច្ច ស្ថិតក្រោមអាណាព្យាបាលបច្ចេកទេស នៃក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងក្រោមអាណាព្យាបាលហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយក្រុមប្រឹក្សាភិបាលមានសមាជិកចំនួន ៧នាក់ និងអមដោយមន្ត្រីត្រួតពិនិត្យចំនួន ១រូប។