នារសៀលថ្ងៃចន្ទ ៦កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឃុត វុត្យារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មការសម្របសម្រួលរួម(JCC) សម្រាប់គម្រោងផែនការមេផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំលើកទី១ គណៈកម្មការសម្របសម្រួលរួម JCC សម្រាប់គម្រោងផែនការមេផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប នៅរដ្ឋាករទឹកស្វយ័តសៀមរាប (រ.ស.ស)។ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី លោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណ:អភិបាលខេត្តសៀមរាប គណៈកម្មការសម្របសម្រួល JCC តំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរជាតិអប្សរា ក្រុមបេសកកម្ម JICA តំណាងដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងមន្ត្រីសមភាគីគម្រោងពី រ.ស.ស។
គម្រោងនេះមានគោលបំណងរៀបចំផែនការមេផ្គត់ផ្គង់ទឹកស្អាត ដើម្បីឆ្លើយតបតម្រូវការទឹកស្អាតប្រកបដោយនិរន្តរភាព រហូតដល់ឆ្នាំគោលដៅ ២០៥០ រួមជាមួយការសិក្សាសមិទ្ធលទ្ធភាពសម្រាប់គម្រោងអាទិភាព និងការពង្រឹងសមត្ថភាពរបស់ រ.ស.ស តាមរយៈការបណ្តុះបណ្តាលក្នុងពេលបំពេញការងារ(On Job Training) ការធ្វើផែនការ និងពង្រឹងស្ថានភាពហិរញ្ញវត្ថុ(Financial Planning and Analysis) និងការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation – DX) ក្នុងការរៀបចំផែនការរយៈពេលវែង ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ទេសចរណ៍ និងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ។ ការរៀបចំផែនការមេក្នុងគម្រោង JCC ផ្អែកលើទិន្នន័យជាក់ស្តែងដែលទទួលបានពីដៃគូអភិវឌ្ឍទាំងអស់ និងសមភាគីពាក់ព័ន្ធ ដើម្បីជំរុញឱ្យការអនុវត្តគម្រោងប្រព្រឹត្តទៅបានជោគជ័យ នាពេលអនាគត។














